នៅឆ្នាំ២០១៥ ចំនួនប្រជាជនដែលមានអាយុ៦០ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានមានចំនួន១,៣លាននាក់ ស្មើនឹង៨,៣%នៃចំនួនប្រជាជនសរុប។ ការព្យាករណ៍បង្ហាញថា មកដល់ឆ្នាំ២០៥០ ចំនួនចាស់ជរានឹងកើនដល់ប្រមាណ៥លាននាក់ ស្មើនឹង២១%នៃចំនួនប្រជាជនកម្ពុជាសរុប។
ចាស់ជរាជាង៨០% រស់នៅតំបន់ជនបទ អត់ចេះអក្សរ ហើយប្រមាណ២៥% រស់នៅក្រោមបន្ទាត់ភាពក្រីក្រ (១,២៥ដុល្លារក្នុងមួយថ្ងៃ)។ បច្ចុប្បន្ន គ្មានប្រព័ន្ធសោធននិវត្តន៍ ឬអត្ថប្រយោជន៍សង្គមផ្សេងទៀត ក្រៅពីមន្ត្រីរាជការទេ។ ដូច្នេះ ជនចាស់ជរាកម្ពុជាមានបណ្តាញការពារសង្គមតិចតួចណាស់ ជាពិសេសនៅពេលពួកគាត់មិនអាចពឹងអាស្រ័យសមាជិកគ្រួសារបាន ឬនៅពេលពួកគាត់ជាមេគ្រួសារ។
ថ្មីៗនេះ រាជរដ្ឋាភិបាលបានអនុម័តគោលនយោបាយចំនួនបីគាំទ្រដល់ជនចាស់ជរា ដូចជា "គោលនយោបាយជាតិស្តីពីចាស់ជរា ២០១៧-២០៣០" "គោលនយោបាយ និងយុទ្ធសាស្ត្រថែទាំសុខភាពជាតិសម្រាប់ជនចាស់ជរា ២០១៦" និង "ក្របខណ្ឌគោលនយោបាយការពារសង្គមជាតិ"។ ប៉ុន្តែ នៅតែមានចម្ងល់ថាតើគោលនយោបាយទាំងនោះនឹងអនុវត្តប្រកបដោយប្រសិទ្ធភាពកម្រិតណា និងតើសំឡេងរបស់ជនចាស់ជរាទៅដល់អ្នកតាក់តែងគោលនយោបាយកម្រិតណា។
អង្គការមនុស្សចាស់កម្ពុជា ដោយមានការគាំទ្រថវិកាពីកម្មវិធី Voice បានគាំទ្រដល់ការបង្កើតបណ្តាញមនុស្សវ័យចាស់កម្ពុជា (CAN) ដែលរំពឹងថានឹងក្លាយជាវេទិកាមួយសម្រាប់បំពងសំឡេងរបស់ជនចាស់ជរា ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត ទៅកាន់សាធារណជន និងអ្នកតាក់តែងគោលនយោបាយ ដើម្បីអនុវត្តគោលនយោបាយ និងលើកកម្ពស់គុណភាពជីវិត។
បណ្តាញមនុស្សវ័យចាស់កម្ពុជា (CAN) គឺជាវេទិកា និងបណ្តាញមួយដែលរៀបចំឡើងដើម្បីបំពងសំឡេង និងលើកកម្ពស់សំឡេងរបស់ជនចាស់ជរាដែលរស់នៅកម្ពុជាក្នុងទិសដៅវិជ្ជមាន។
រួមជាមួយដៃគូដ៏មានតម្លៃមួយចំនួន៖ អង្គការមនុស្សចាស់កម្ពុជា សមាគមមនុស្សចាស់ សហព័ន្ធមនុស្សចាស់ និងអង្គការមិនមែនរដ្ឋាភិបាលជាសមាជិក កម្មវិធីបណ្តាញមនុស្សវ័យចាស់កម្ពុជា មានគោលដៅលើកកម្ពស់គុណភាពជីវិតរបស់ជនចាស់ជរា។
ផលប៉ះពាល់របស់យើង
ស្គាល់សហគមន៍របស់យើង
បណ្តាញមនុស្សវ័យចាស់កម្ពុជា (CAN) បានសហការយ៉ាងជិតស្និទ្ធជាមួយសមាគមមនុស្សចាស់ (OPA) និងសហព័ន្ធមនុស្សចាស់ (OPAF) ដើម្បីធានាថាចាស់ទុំរបស់យើងអាចមានសំឡេង និងមតិយោបល់ដែលរាជរដ្ឋាភិបាល និងសាធារណជននឹងស្តាប់។ សមាគមទាំងនេះដឹកនាំដោយជនចាស់ជរាផ្ទាល់ ដើម្បីលើកកម្ពស់អារម្មណ៍នៃសហគមន៍ និងឯករាជ្យភាពរបស់ជនចាស់ជរា ដែលអនុញ្ញាតឲ្យពួកគាត់ចាត់វិធានការ និងតស៊ូមតិដើម្បីសិទ្ធិរបស់ខ្លួន។
18
ស្ថាប័ន
30,000+
សមាជិករាយ
15
ខេត្តគ្របដណ្តប់
5
គណៈកម្មការ